Sihanouk Province Map




កំពង់សោម​គឺជា​ខេតត​មួយ​ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ មាន​ព្រំប្រទល់​ខាងជើង​ទល់នឹង​ស្រុក​ស្រែអំបិល ខេត្ត​​កោះកុង ខាងកើត​ទល់​នឹង​ស្រុក​កំពត ខេត្ត​កំពត ខាងត្បូង និង ខាងលិច​ទល់​នឹង​សមុទ្រ មាន​ផ្ទៃដី​សរុប ១.២៨៣ គីឡូម៉ែត្រ​ការ៉េ និង មាន​ចម្ងាយ​២៣០ គីឡូម៉ែត្រ​ពី​រាជធានី​ភំ​ពេញ​កាត់​តាម​ផ្លូវជាតិ​លេខ ៤ ។​
កាលដើមឡើយ កំពង់សោម​ដែល​ជា​ដើម​កំណើត​ពិត​ប្រាកដ​មាន​ទី​តាំ​ស្ថិត​នៅក្នុង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ។ ប្រសិនបើ​យើង​ជិះ​រយ​យន្ត​ពី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ ៤ បាន​ចម្ងាយ​ប្រហែលជា ១៥០ គីឡូម៉ែត្រ កាត់​តាម​ខេត្ត​កំពង់ស្ពឺ​រហូតដល់​ស្រុក​ស្រែអំបិល (​នៅ​ខាងលិច​ភ្នំ​​ពេជ្រនិល​) មាន​ផ្លូវ​មួយ​បត់​ទៅ​ជើង​សំដៅទៅ​ស្រែអំបិល នោះ​ហើយ​ដែល​សព្វ​ថ្ងៃ​គេ​ហៅ​ថា​កំពង់សោម ។​
តាម​លោក​សាន​សុ​មែន ដែល​ធ្លាប់​ធ្វើ​គ្រូ​ពុទ្ធិក​បឋមសិក្សា​វត្ត​ឥន្ទ​ញាណ (​ក្រុងព្រះសីហនុ​) ដែល​គាត់​បាន​សាកសួរ​ចាស់ៗ​នៅ​ខាង​ខណ្ឌ​ព្រៃនប់​បាន​បញ្ជាក់​ឲ្យដឹងថា កំពង់សោម​មាន​ពីរ​គឺ​កំពង់សោម​លើ​ស្ថិតនៅ​ភូមិ​ចំប៉ា (​ខណ្ឌ​ព្រៃនប់​) និង កំពង់សោម​ក្រោម​ស្ថិតនៅ​ក្នុង​ស្រុកស្រែ​អំ​បិល ។​​លោក​សាន​សុ​មែន បាន​មានប្រសាសន៍ថា : បើ​យោង​តាម​ប្រសាសន៍​របស់​លោកតា​អាចារ្យ​ម៉ុល​សុខ ជា​ចាស់ទុំ​ធ្លាប់​រស់នៅ​ស្រុក​ព្រៃ​នប់​បានឲ្យដឹងថា បានជា​គេ​ហៅ​ថា​កំពង់សោម ព្រោះ​មាន​ប្រវត្តិ​ដំណាល​មក​ថា : កាល​ដើម​តាំងពី​យូរយា​ណាស់​មកហើយ ស្រុក​ស្រែអំបិល​ដែល​​ស្ថិតនៅក្នុង​ខេត្ត​កោះកុង​សព្វថ្ងៃនេះ​មាន​ឈូង​សមុទ្រ​មួយ​លាតសន្ធឹង​ពី​ស្រុក​ស្រែអំបិល​រហូតមកដល់​ក្រុងព្រះសីហនុ​បច្ចុប្បន្ន​ទីនោះ​មាន​ព្រៃ​កោង​​កាង និង​ព្រៃឈើ​គ្រប់​ប្រភេទ ហើយ​សម្បូរ​ទៅដោយ​ផ្ដៅ​សោម ព្រមទាំង​មាន​សត្វ​ម្រឹគ​កាច​សាហាវ​យ៉ាងច្រើន​ដូច​ជា​សត្វ​ខ្លា ដំរី​ជាដើម ។ រីឯ​ប្រ​​ជា​ជន​ដែល​រស់នៅ​ទីនោះ​មាន​ចំនួន​តិចតួច​ណាស់​ដោយ​ប្រកប​របរ​ចិញ្ចឹមជីវិត​គឺ​ឡើង​ភ្នំ និង​ចុះ​សមុទ្រ​នេសាទ ។ ក្រៅ​ពី​របរ​នេសាទ​ប្រជាជន​ក៏​មាន​​ទៅ​កាប់​ផ្ដៅ​សោម​អូស​បណ្ដែត​តាម​ទឹក​មក​ចត​នៅ​មាត់កំពង់​ផងដែរ ។ តាម​ប្រសាសន៍​របស់​លោកតា​អាចារ្យ​ដដែល​បានឲ្យដឹងថា ទីនោះ​សម្បូរ​ទៅ​​ដោយ​ផ្ដៅ​សោម​ច្រើនណាស់ គេ​កាប់​យក​ស្លឹក​វា​មក​ប្រក់​ផ្ទះសម្បែង​របស់​ពួកគេ ។ ឯការ​អូស​ផ្ដៅ​សោម​មក​ចត​នៅ​មាត់​កំពង់ នេះ​ជា​រៀង​រាល់​ពេល​​ទៅ​ទើប​គេ​ហៅ​ទី​នេះ​ថា <<​កំពង់សោម​>> ។ ចំណែក​អ្នក​នៅ​ស្រុក​ខាងកើត​ដូចជា​ខាង​ខេត្ត​កំពង់ស្ពឺ​ជាដើម​បើកាលណា​គេ​ចង់​មក​ស្រុក​ខាងលិច​គេ​តែង​និយាយ​ថា <<​យើង​នាំគ្នា​ទៅ​កំពង់សោមៗ (​ក្នុង​ស្រុក​ស្រែអំបិល​ហ្នឹងឯង​)>> ។​
បើ​ដូច្នេះ​ចុះ​ហេតុ​ម៉េច បានជា​កំពង់សោម​ត្រូវ​គេ​ហៅថា​ក្រុង​ព្រះសិហនុ​ទៅវិញ ? លោក​សាន​សុ​មែន បាន​និយាយថា យោង​តាម​ព្រះរាជ​ក្រម​លេខ ២៣៦​ន​.​ស ចុះ​ថ្ងៃ​ទី ២២ វិច្ចិកា ១៩៥៧ ដោយ​ហ្លួង​សុរា​ម្រឹត យក​តំបន់​នោះ​ឈ្មោះ​ថា <<​ក្រុង​កំពង់សោម​>> ដោយ​បាន​រដ្ឋសភា​អនុ​​ម័ត​នា​ថ្ងៃទី ២១ សីហា ១៩៥៧ ។ លុះ​មកដល់​ឆ្នាំ ១៩៥៩ ក្រុង​កំពង់សោម បាន​ប្រែក្លាយ​មក​ជា​ក្រុងព្រះសីហនុ​វិញ តាម​ព្រះរាជក្រម​លេខ ២៩៦​ន​.​ស ចុះ​ថ្ងៃ​ទី ២២ មករា ១៩៥៩ ក្រោយ​មក​រដ្ឋសភា​អនុម័ត​នៅ​ថ្ងៃ​ទី ៤ ធ្នូ ១៩៥៩ ។ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ របប​សាធារណរដ្ឋ​លន់នល់​បាន​​ប្ដូរ​ឈ្មោះ​ក្រុង​ព្រះ​សី​ហុន ឲ្យ​ជា​ក្រុង​កំពង់សោម​ដូចដើម​វិញ​រហូត​មកដល់​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​របប​រដ្ឋ​កម្ពុជា​ក៏​នៅតែ​ហៅថា កំពង់សោម​​ដដែល ។​
ប៉ុន្តែ​លុះ​មកដល់​ឆ្នាំ ១៩៩៣ ក្រោយ​ពី​ខ្មែរ​បាន​រួបរួម​គ្នា​ឡើង​វិញ ក្រុង​កំពង់សោម​ក៏​ត្រូវបាន​គេ​ហៅ​ថា​ក្រុង ព្រះសីហនុ​ដូចដើម​វិញ ។​
លោក​សាន​សុ​មែន បាន​បញ្ជាក់បន្ថែម​ថា តាម​ប្រសាសន៍​របស់​ចាស់ទុំ​មួយចំនួន ដែល​ជា​មនុស្ស​រស់​នៅ​ទី​ក្រុងព្រះសីហនុ តាំងតែ​ពី​ដើម​ឡើយ​បានឲ្យដឹងថា ទីនេះ (​ក្រុងព្រះសីហនុ​) កាលពី​មុន​គេ​ហៅថា ភ្នំ​ថ្ម​រាប ឬ​កោះពស់ ។ ក្នុង​សម័យ​ដែល​គេ​ហៅថា ភ្នំ​ថ្ម​រាប ឬ​កោះពស់​នោះ​គឺជា​សមយ័​ដែល​ទឹកដី​ ខេត្ត ​​កោះកុង និង​ក្រុងព្រះសីហនុ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ខេត្ត​កំពត​ទាំងអស់ ៕